
មនុស្សស្រីនៅប្រទេសយើង ភាគច្រើនតែងតែយកចិត្តទុកដាក់ទៅលើរូបរាងខាងក្រៅរបស់ពួកគេ និងចំណាយពេលវេលាច្រើនទៅលើការតុបតែងខ្លួន ដូចជាការខាត់ស្បែកអោយស ការប្តូរពណ៌សក់ និងការផាត់មុខជាដើម។ ប៉ុន្តែក៏នៅមានរឿងសំខាន់មួយដែលទាមទារអោយពួកគាត់យកចិត្តទុកដាក់ ខ្លាំងផងដែរ គឺការពិនិត្យសុខភាព។ បើអ្នកមានសុខភាពមិនល្អ បើទោះជាមានពេលទំនេរច្រើនយ៉ាងណា ក៏អ្នកគ្មានអារម្មណ៏ក្នុងការតុបតែងខ្លួនដែរ ទោះជាប្រឹងញញឹមក៏មិនមែនចេញពីចិត្ត មិនប្រាកដថាមើលទៅ ស្រស់ស្អាតទេ ផ្ទុយមកវិញបើអ្នកមានសុខភាពល្អ ស្នាមញញឹមនឹងពោរពេញដោយទំនុកចិត្ត ទឹកមុខមើលក៏ស្រស់ថ្លាទៅតាមនឹងដែរ ជាពិសេសអ្នកអាចមានពេលវេលាច្រើនទៅហាងថែរក្សាសម្ផស្ស រឺដើររកទិញនូវផលិតផលថែរក្សាស្បែកផ្សេងៗបានដែរ។

ខ្ញុំនិងម៉ាក់របស់ខ្ញុំបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ Sunrise Hospital ហើយនេះគឺជាលើកទីពីររបស់ពួកខ្ញុំហើយ។ ទោះជាមន្ទីរពេទ្យនេះមានទីតាំងនៅស្រុកខ្មែរ តែពួកខ្ញុំ ទុកចិត្តដូចមន្ទីរពេទ្យនៅប្រទេសថៃដែរ ហើយពួកខ្ញុំក៏អាចចំណេញពេលវេលា និងលុយច្រើនផងដែរ ដោយមិនចាំបាច់ធ្វើដំណើរទៅពិនិត្យសុខភាពដល់ប្រទេសថៃទេ។

មន្ទីរពេទ្យមានកន្លែងចតឡានធំទូលាយ ថ្វីត្បិតមិនមានដំបូល តែពូៗអ្នកយាមដាក់របាំងការពារពន្លឺថ្ងៃ លើកញ្ចក់ឡានផ្នែកខាងមុខគ្រប់ៗឡានទាំងអស់។ ទ្វារចូលនៃមន្ទីរពេទ្យជាទ្វារអូតូបើកទៅឆ្វេង បន្ទាប់មកមានជណ្តើរយន្តជើងឡើងទៅជាន់ទី១។ ទៅដល់ជាន់ទី១ ក្រឡេកមើលទៅស្តាំដៃ អ្នកនឹងឃើញអ្នកទទួលភ្ញៀវ ជាច្រើនអ្នក មានស្រីមានប្រុស។ អ្នកអាចធ្វើការសាកសួរព៌តមានទាក់ទងនឹងការ ពិនិត្យសុខភាពបាន។ ពួកគាត់រួសរាយ ហើយស្អាតៗណាស់។

គម្រោង Basic Plan ជាជម្រើសល្អបំផុតសម្រាប់អ្នកដែលទៅពិនិត្យសុខភាពដំបូងនៅមន្ទីរពេទ្យសាន់រ៉ាយ។ ក្រោយពីចុះឈ្មោះរួច អ្នកអាចអង្គុយរង់ចាំនៅទល់មុខកន្លែងទទួលភ្ញៀវបាន។ មានកន្លែងអង្គុយច្រើនណាស់ សុទ្ធតែជាសាឡុងទន់ៗហើយវែងៗ អាចគេងចាំក៏បានដែរ។ ចាំប្រហែលជា១០នាទី អ្នកនឹងទទួលបានឯកសារ ចុះឈ្មោះ និងក្រដាស់លេខរៀង ហើយកិលានុប្បដ្ឋាយិកានឹងនាំអ្នកទៅកន្លែងរង់ចាំផ្សេងទៀត នៅផ្នែកខាងឆ្វេងនៃជណ្តើរយន្តជើង ជាកន្លែងរង់ចាំក្បែរបន្ទប់ពិនិត្យឈាម។ សូមចងចាំលេខរៀង ហើយមិនគួរដើរទៅណាឆ្ងាយពីកន្លែងរង់ចាំទេ។

ការពិនិត្យបែងចែងជាច្រើនដំណាក់កាល ដំណាក់កាលដំបូងគេ គឺការពិនិត្យឈាម។ បន្ទាប់ពីលឺការហៅលេខរៀង អ្នកនឹងត្រូវបានគេនាំចូលបន្ទប់ពិនិត្យឈាម។ ជាកិលានុប្បដ្ឋាយិកាប្រុស សង្ហា រួសរាយ គាត់នឹងអោយអ្នកអង្គុយចុះ ដាក់ដៃនៅលើតុ ហើយសួរអ្នកថា (ខ្លាចម្ជុលទេ?)។ មានអីខ្លាច បែរមុខ រឺក៏បិទភ្នែកទៅ ចំណាយពេលតែ៣នាទីអីទេរួចហើយ។ បន្ទាប់ពីបូមឈាមរួច គាត់អោយពែងក្រដាស់មួយ ប៉ុនពែងក្រដាស់ដាក់កាហេ្វក្តៅតាមហាងកាហ្វេដែរ តែគេទុកដាក់ទឹកនោមទេ។ គាត់នឹងប្រាប់ថា (កាន់ពែងនេះទៅបន្ទប់ទឹក ពេលរួចរាល់ ដាក់ពែងនៅក្បែរបង្អួចទៅគេដឹងហើយ រួចត្រលប់ទៅអង្គុយនៅកន្លែងរង់ចាំដដែលវិញ ចាំគេហៅលេខរៀងបន្តទៀត)។

បន្ទប់ទឹកបែងចែកស្រីប្រុសទេ។ ក្នុងបន្ទប់ទឹកមានកូនបង្អួចមួយ ជាបង្អួចរអិលរុញទៅស្តាំ បើកបង្អួចទៅមានកូនតុមួយ បង្អួចនោះភ្ជាប់ជាមួយបន្ទប់គ្រូពេទ្យធ្វើការ ខ្ញុំធ្លាប់លួចមើល មានគេអង្គុយធ្វើការដែរ តែពួកគាត់មិនចាប់អារម្មណ៍នឹងយើងទេ បើកភ្លាមដាក់ភ្លែតទៅជាការស្រេច។ យកល្អពេលទៅដល់ពេទ្យ កុំអាលទាន់ចូលបន្ទប់ទឹកអីណា ទ្រាំចាំពិនិត្យឈាមរួចសិនទៅ ប្រយ័ត្នអត់អីពិនិត្យនឹងគេ។ តែបើទាល់ខ្លាំង ក៏បន្ធូរទៅចុះ ព្រោះមន្ទីរពេទ្យក៏មានទឹកអោយផឹកហ្វ្រីៗផងដែរ។
To be continued…