
ការផ្លាស់ប្តូរពណ៌សក់ គឺកំពុងតែមានភាពពេញនិយមខ្លាំងណាស់ ចំពោះមិត្តនារីៗខ្មែរយើង ដែលបច្ចប្បន្ននេះយើងមិនសូវជាឃើញអ្នកនិយមលេងសក់ពណ៌ខ្មៅប៉ុន្មានទេ។ ពួកគាត់យល់ថាការលេងពណ៌សក់ មើលទៅទាន់សម័យ មានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ពីក្រសែភ្នែកអ្នកដទៃជុំវិញខ្លួន ពិសេសមើលទៅស្រស់ស្អាតពេលកៀប មួលរួញ រឺលើកម៉ូដសក់ទៅចូលរួមកម្មវិធីផ្សេងៗ។

ប៉ុន្តែការប្តូរពណ៌សក់ មិនមែនចេះតែលាបប្តូរបានតាមតែចិត្តចង់នោះទេ គឺគួររើសយកពណ៌ណាដែលសាកសមនឹងពណ៌សម្បុរស្បែករបស់យើងផងដែរ។ មិត្តនារីមួយចំនួនចូលចិត្តលេងពណ៌សក់ដោយយល់ថាវាជាពណ៌ដែលកំពុងពេញនិយម និងទៅតាមពណ៌សក់តារាៗថៃ និងកូរ៉េជាដើម ដែលបន្ទាប់ពីលាបហើយ មិនពេញចិត្តព្រោះមិនសាកសមនឹងមុខ រឺសម្បុរស្បែករបស់ខ្លួន ឯសម្រស់មើលទៅក៏ចាស់ជាងមុន ដែលជាហេតុធ្វើអោយមិត្តនារីៗទាំងនោះព្យាយាមប្តូរពណ៌សក់ពីពណ៌មួយទៅពណ៌មួយទៀតជាបន្តបន្ទាប់រហូតធ្វើអោយសរសៃសក់ខូចរឹង គ្មានទម្ងន់ និងបាត់បង់ភាពស្រស់ស្អាត។
សុំធ្វើការណែនាំពណ៌សក់មង្ឃុតបែកស្វាយ ជាពណ៌ដែលប្រើបានទាំងមិត្តនារីៗដែលមានសម្បុរសណ្តែកបាយ និងសម្បុរស ពិសេសសាកសមបំផុតសម្រាប់មិត្តនារីដែលចង់លេងពណ៌សក់អោយមើលទៅឃើញសុភាព និងក្មេងជាងវ័យ ព្រោះថាពណ៌នេះ ជាពណ៌ស្រគាំ ដែលមើលទៅមិនឃើញឆើតឆាយខ្លាំង ហើយក៏មិនស៊ិចស៊ីដែរ។

បងស្រីម្នាក់ដែលជាងម្ចាស់សាឡននៅក្បែរផ្សាអូឡាំពិកបានរៀបរាប់ថា ភ្ញៀវជាច្រើនបានមកកុម្មង់អោយគាត់លាបសក់ពណ៌មង្ឃុតបែកស្វាយនេះ ភ្ញៀវខ្លះទៀតក៏មកសុំយោបល់ពីគាត់ថាតើពួកគេគួរតែលាបសក់ពណ៌អី្វមើលឃើញស្អាត សុភាពមិនឡូយឆាយខ្លាំង ដោយសារតែជាពណ៌ដែលមិនរើសទម្រង់មុខ និងសម្បុរដូចជាពណ៌ដទៃៗទៀត គាត់ជារឿយៗបានធ្វើការណែនាំដល់ភ្ញៀវអោយសាកលាបពណ៌មង្ឃុតបែកស្វាយនេះ ហើយពូកគាត់ក៏មានការពេញចិត្តជាខ្លាំងក្រោយពីលាបរួច។